អ្នកស្នេហាវិស័យកីឡាបាល់ទាត់ ប្រហែលជាមិនទាន់ភ្លេចនូវព្រឹត្តិការណ៍ UEFA Champions League កាលពីឆ្នាំ ២០០៥ ដោយវគ្គប្រកួតផ្តាច់ព្រ័ត្រ ក្រុមជើងខ្លាំង ២ គឺហង្សក្រហម Liverpool FC បានប៉ះជាមួយពស់ថ្លាន់ Milan នៅលើទីលានវាលស្មៅដ៏ក្ដៅគគុក ឯពហុកីឡដ្ឋាន Atatürk Olympic Stadium នៅទីក្រុង Istanbul ប្រទេសទួរគី។

រំឭកពីការប្រកួតនោះ អ្នកគាំទ្រក្រុមហង្សក្រហម Liverpool FC បានផើតពោះមិនតិចទេ បន្ទាប់ពីក្រុមនេះបានរបូតគ្រាប់បាល់ឱ្យក្រុម Milan បំប៉ោងសំណាញ់ទីបានមុន ៣ គ្រាប់ តែយ៉ាងណានៅប៉ុន្មាននាទីជិតបញ្ចប់តង់ទី ២ ក្រុមហង្សក្រហម Liverpool FC ក៏បានតាមវាយបករហូតទទួលបាន ៣ គ្រាប់ ស្មើក្រុម Milan វិញ ធ្វើឱ្យអ្នកគាំទ្រស្រែកហ៊ោកក្រើកពេញកីឡដ្ឋាន។

អ្វីដែលអស្ចារ្យ និង ស្មានមិនដល់ គឺនៅវគ្គកាត់សេចក្តីប៉េណាល់ទីបន្ទាប់ពីលទ្ធផលបញ្ចប់តង់ ៣ ស្មើ ក្រុមហង្សក្រហម Liverpool FC បានបំបាក់ក្រុម Milan លើកពាន UEFA Champions League 2005 ដោយលទ្ធផល 3–2។ ការយកឈ្នះប្រៀបបានអព្ភូតហេតុនេះ ត្រូវបានគេហៅថា Miracle of Istanbul ដែលចាត់ទុកថាជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ ធ្វើឱ្យអ្នកគាំទ្រវិស័យបាល់ទាត់ជុំវិញពិភពលោកចងចាំ និង នៅតែរំភើបដក់ជាប់ក្នុងចិត្តមកដល់សព្វថ្ងៃ។
